
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ!
ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកការទូត និងអ្នកសង្កេតការណ៍អាស៊ានចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។











